អំពើហឹង្សា  និងការសម្លាប់ក្រៅច្បាប់​ ក្រោមដំបូលវប្បធម៌នីតិមាត់ និងនិទណ្ឌភាព

ដោយ៖ គតិលោក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សានយោបាយ ការចាប់ជំរិត ការសម្លាប់ក្រៅច្បាប់ ការកំទិចគូរប្រជែងដោយមធ្យោបាយស្មោគរោគ និងការចាប់អ្នករិះគន់ដាក់ពន្ធធានាគារមានការកើនឡើង គួរ​ឲ្យ​បារម្ភ​។ អំពើក្រៅច្បាប់ទាំងអស់នេះ តែងតែត្រូវបានគេមើលឃើញថាប្រព្រឹត្តឡើងដោយបុគ្គលមានអំណាច និងអ្នកមានលុយ។​ ពួកគេទាំងអស់នោះ ក្រៅតែពីបង្កើតការឈឺចាប់ ការបែកបាក់ និងអំពើ អយុត្តិធម៌ហើយ ពួកគេក៏ជាសកម្មជនដែលបង្កើត និងការពារវប្បធម៌នីតិមាត់ វប្បធម៌និទណ្ឌភាព និងការរំលោភអំណាចផងដែរ។

Srei Sina

ស្រី ស៊ីណា ឧកញ៉ាឃាតក

នីតិមាត់ ដែលភាសាអង់គ្លេសហៅថា (Rule by Law) ត្រូវបានយកប្រើដើម្បីឲ្យមហាជនខ្មែរ​ ងាយស្រួលយល់ផង និងក៏អាចងាយស្រួលក្នុងការយកមកឆ្លុះបញ្ចាំងអំពីការបង្កើត ការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់នៅកម្ពុជាផងដែរ។ ច្បាប់បែបនេះគឺបានក្លាយជាឧបករណ៍អំណាចសម្រាប់គៀប​សង្កត់ជនទន់ខ្សោយ និងអ្នកដែលមានមតិផ្ទុយ[1]​​ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន ដោយឡែកច្បាប់ដែល ប្រើជាឧបករណ៍អំណាចដើម្បីធានា និងការពារផលប្រយោជន៍សាធារណៈគឺជាបែបនិតិរដ្ឋ។  វិធានឬច្បាប់នៅក្នុងការគ្រប់គ្រងដោយនីតិមាត់ គឺជាមធ្យោបាយដើម្បីគ្រប់គ្រងផ្តាច់ការ និងការគាបសង្កត់[2] ដែលផ្ទុយ ពីការអនុវត្តគោលការណ៍នីតិរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ប្រទេសដែលដំណើរការក្រោមរបបគ្រប់គ្រងដោយនីតិមាត់ គឺរៀបចំឡើងក្នុងចេតនាដើម្បីក្រាញអំណាច និងជញ្ជក់ឈាមជាតិ សុទ្ធសាធ ហើយគ្រួសារត្រកូលហ៊ុនដែលបានកាន់អំណាចពីរជំនាន់មកដល់លោកហ៊ុន ម៉ាណែត គឺជាឧទារហណ៍ជាក់ស្តែងក្នុងការដឹកនាំតាមបែបនីតិមាត់។ លើសពីនោះទៀត ពួកគេបានយកស្ថាប័នជាតិ និងមន្ត្រីរាជការទាំងអស់មកធ្វើចំណាប់ខ្មាំងត្រកូលខ្លួនយ៉ាងគឃ្លើនទៀតផង។

ការអនុវត្តនីតិមាត់យ៉ាង​ស៊ីជម្រៅនៅកម្ពុជា​ មាន​ន័យ​ថា​ច្បាប់​ត្រូវ​បាន​បង្កើតឡើងជា​ឧបករណ៍ដើម្បី​បម្រើ​ផលប្រយោជន៍​អ្នក​កាន់​អំណាច អ្នកមានដែលជាបរិវារគ្រួសារត្រកូលហ៊ុនដែលមានបុរសខ្លាំង ហ៊ុន​សែនជាមេខ្លោង។ ក្នុងន័យនេះ សម្រាប់អ្នកមានទ្រព្យសម្បត្តិ និងមានទំនាក់ទំនងល្អជាមួយអ្នកកាន់អំណាច ប្រព័ន្ធច្បាប់មិនមែនជាយន្តការសម្រាប់យុត្តិធម៌នោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់បំពេញ មហិច្ឆតា​អំណាច និងការពារផលប្រយោជន៍របស់ពួកគេដែលបណ្តោយឲ្យមានការជិះជាន់អ្នកក្រីក្រទន់ខ្សោយតែប៉ុណ្ណោះ។ ក្រុមឧកញ៉ា​ដែល​ស្មោះស្ម័គ្រ​ និងនៅជុំវិញគ្រួសារត្រកូលហ៊ុន​ តែងតែទទួល​បាន​ផលប្រយោជន៍កម្រិតខ្ពស់បំផុតនៃ​និទណ្ឌភាពឬភាពគ្មានទោសពៃចំពោះទង្វើខុសច្បាប់ ឬឧក្រិដ្ឋកម្មរបស់ពួកគេ។ ក្រុមឧកញ៉ាទាំងនោះមានមុខរបរជាអ្នករកស៊ីជួញដូរធន់ធានធម្មជាតិ កាប់បំផ្លាញព្រៃឈើ បោសប្រាស់លុយប្រជាពលរដ្ឋ ជួញដូរគ្រឿងញៀន រកស៊ីល្បែងអនឡាញ នាំចូលទំនិញខុសច្បាប់ ដូចជាឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាមនុស្សរបស់លោកហ៊ុន ម៉ាណែត រកស៊ីសាងសង់សំណង់ខ្យល់ រំលោភដីធ្លី ការបណ្តេញចេញដោយបង្ខំ ឬការធ្វើឱ្យខូចបរិស្ថាន។ល។ បុគ្គលប្រភេទនេះកម្រត្រូវបានកាត់ទោស ឬទទួលខុសត្រូវណាស់។ វិបល្លាស ឬភាពខុសឆ្គងនៃយុត្តិធម៌នេះបង្កើតបរិយាកាសមួយដែលឧកញ៉ា និងអ្នកមានអំណាចជាឈ្មួញលួចជាតិ អាចប្រើឥទ្ធិពលរបស់ពួក

Leng Navatra

ឡេង ណាវ៉ាត្រា នៅខាងស្ដាំជាមួយ ហ៊ុន ម៉ាណែត

គេដើម្បីប្រព្រឹត្តអំពើហឹង្សារហូតដល់បាញ់សម្លាប់អ្នកស្លូតត្រង់ដោយមិនភ័យខ្លាចច្បាប់ ហើយបង្កើតបានជាវប្បធម៌និទណ្ឌភាពដ៏ធ្ងន់ធ្ងរនៅកម្ពុជា។

និទណ្ឌភាពនេះ កើតឡើងដោយសារតុលាការមិនឯករាជ្យ និងពុករលួយផងដែរ។ តុលាការនៅកម្ពុជា ទទួលឥទ្ធិពលនិងការបង្គាប់បញ្ជាយ៉ាងខ្លាំងពីអ្នកនយោបាយកាន់អំណាច ដែលនាំទៅដល់ការកាត់ក្តីដែលប្រាសចាកលើទិដ្ឋភាពច្បាប់ និងលម្អៀងផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ។ ចៅក្រមទទួលបានមុខតំណែងនិងទទួលបានទ្រព្យសម្បត្តិស្តុកស្តម្ភដោយសារធ្វើតាមការចង់បាន និងបញ្ជារបស់អ្នកមានលុយ និងអ្នកមានអំណាច ដែលបណ្តាលឱ្យមានការសម្រេចចិត្តកាត់ក្តីរបស់ពួកគេតែងតែបម្រើអ្នកមានលុយ និងអ្នកមានអំណាចទាំងនោះ។ ឧទាហរណ៍ ឧកញ៉ា ស្រី ស៊ីណា ករណីបាញ់សម្លាញ់គូរដណ្តឹងវ័យក្មេងពីរនាក់នៅក្នុងផ្ទះយ៉ាងសាហាវឃោរឃៅដោយគិតទុកជាមុន ដែលគួរតែជាប់ទោសអស់មួយជីវិត ប៉ុន្តែតុលាការក្រុងភ្នំពេញបែរជាចោទត្រឹមការសម្លាប់ដោយព្រៀងទុក ដែលអាចឲ្យឧកញ៉ាល្មើសជាប់ទោសត្រឹម ១៥ឆ្នាំ ទៅវិញ។ កង្វះឯករាជ្យភាពរបស់តុលាការនេះគឺជាឧបសគ្គដ៏សំខាន់ចំពោះយុត្តិធម៌សង្គម ព្រោះវារារាំងការកាត់ក្តីដោយយុត្តិធម៌ និងសេចក្តីសម្រេចដែលមិនលំអៀង។ ភាពលំអៀងរបស់តុលាការបែបនេះ បានធ្វើឱ្យអ្នកមានអំណាច និងឧកញ៉ាដែលមានឥទ្ធិពល និងមានទ្រព្យសម្បត្តិមិនញញើតចំពោះមុខច្បាប់ និងរឹតតែមានទំនុកចិត្តថាបទល្មើសរបស់ពួកគេ នឹងមិនត្រូវបានពិន័យ ឬដាក់ទោសតាមកំហុសដោយតុលាការរណបអ្នកមានលុយ និងអ្នកមានអំណាចនោះទេ។ នៅពេលដែលអ្នកមានអំណាច និងឧកញ៉ាអាចទិញសាលក្រមដែលអនុគ្រោះដល់បទល្មើស ឬធានាថាការស៊ើបអង្កេតលើការប្រព្រឹត្តិខុសរបស់ពួកគេបាន គឺមានន័យថា​ ពួកឧក្រិដ្ឋជនទាំងនោះអាចធ្វើសកម្មភាព និងបទឧក្រិដ្ឋដទៃទៀតដោយនិទណ្ឌភាព។ នៅពេលនោះហើយ ដែលស្ថាប័នតុលាការបានក្លាយជាតួអង្គផ្សំគំនិតក្នុងការបន្តឱ្យកើតមានអំពើហិង្សា ការបំភិតបំភ័យ និងការសម្លាប់ក្រៅច្បាប់។ ហេតុនេះ និទណ្ឌភាព ជាឋានសួគ៌នៃឧក្រិដ្ឋកម្ម និងការរំលោភច្បាប់របស់ពួកគេ។

តុលាការ និងចៅក្រម​កម្ពុជា​តែង​បង្ហាញ​ភាព​លម្អៀង ដោយ​ធ្វើការ​សេចក្តី​សម្រេចរឿងក្តី​របស់​ខ្លួន​ឱ្យស្របនឹង​ផលប្រយោជន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេសស្របតាមការចង់បានរបស់បុរសខ្លាំងត្រកូលហ៊ុន។ ការគ្រប់គ្រងយ៉ាងទូលំទូលាយរបស់អតីតនាយករដ្ឋមន្ត្រីលើប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋផ្សេងទៀតបានធានាយ៉ាងច្បាស់ថា ដំណើរការផ្លូវច្បាប់ត្រូវឲ្យស្របតាមផលប្រយោជន៍របស់ឥស្សរជនកាន់អំណាចចង់បាន។ ការគ្រប់គ្រងបែបនេះអាចប្រព្រឹត្តទៅបានគឺតាមរយៈការរួមបញ្ចូលគ្នានៃប្រព័ន្ធបរិបាលកិច្ច ការបំភិតបំភ័យ និងការអន្តរាគមន៍ដោយផ្ទាល់នៅក្នុងបញ្ហាផ្លូវច្បាប់ដោយបុគ្គលមានអំណាច លើសពីនេះទៀតអំពើ​ពុករលួយក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​កំពុង​រាតត្បាត​យ៉ាង​ខ្លាំង វាបង្ហាញឱ្យឃើញក្នុងទម្រង់ផ្សេងៗគ្នា រាប់ចាប់ពីការស៊ីសំណូកសូកប៉ាន់ ការគប់គិតគ្នាជាប្រព័ន្ធដើម្បីប្រព្រឹត្តអំពើពុករលួយនិងការរំលោភច្បាប់ដើម្បីភាពមានបានផ្ទាល់ខ្លួន និងបក្ខពួក និងប្រើច្បាប់ជាឧបករណ៍ដើម្បីចាប់ចង ពលរដ្ឋ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជននយោបាយ និងមន្ត្រីសហជីពផងដែរ។​ សរុបមកភាពលំអៀង និងអំពើពុករលួយនៃប្រព័ន្ធតុលាការកម្ពុជាកំពុងតែចាក់ឫសយ៉ាងជ្រៅ ដែលបម្រើផលប្រយោជន៍គ្រួសារ និង​របប​កាន់​អំណាច។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីបញ្ហាទូលំទូលាយនៃអភិបាលកិច្ចនៅកម្ពុជា ដែលអំណាចត្រូវបានប្រមូលផ្តុំនៅក្នុងដៃរបស់មនុស្សម្នាក់ ហើយស្ថាប័នច្បាប់ រចនាសម្ព័ន្ធយុត្តិធម៌ និងនយោបាយរបស់កម្ពុជាដែលត្រួតត្រាផ្តាច់មុខដោយជនពុករលួយ និងល្មោភអំណាចដើម្បីតែរក្សាអំណាចតត្រកូលរបស់ខ្លួន។

ការបំពានអំណាចរបស់បុរសខ្លាំងទៅលើឯករាជ្យភាពនៃតុលាការ គឺជាកត្តាសំខាន់មួយទៀត​ ដែលបង្កើតការរីករាលដាលនៃវប្បធម៌និទណ្ឌភាព និងឧក្រិដ្ឋកម្មនានា។ មេដឹកនាំនយោបាយនេះ តែងតែប្រើសិទ្ធិអំណាចរបស់ពួកគេដើម្បីធ្វើជាខែលការពារសម្ព័ន្ធមិត្ត និងបរិវារ និងបំបិទមាត់អ្នករិះគន់របស់ខ្លួន ដោយជំរុញឲ្យមានកាន់តែច្រើនឡើងនូវវប្បធម៌នីតិមាត់ និងនិទណ្ឌភាពក្នុងចេតនាការពារផលប្រយោជន៍នយោបាយ។ ការបែកធ្លាយសម្លេងជាបន្តបន្ទាប់របស់បុរសខ្លាំងញៀនអំណាច លើការទិញទឹកចិត្ត និងវាយបង្ក្រាបលើសកម្មជននយោបាយ ជាការរំលោភអំណាចទាំងកម្រោល តែបែរជាមិនត្រូវបានតុលាការ ឬស្ថាប័នយុត្តិធម៌ណាមួយចាត់វិធានការណ៍ផ្លូវច្បាប់នោះទេ។ ដូច្នេះវាបង្ហាញយ៉ាងច្បាស់ថា ការរំលោភអំណាចដោយអ្នកមានអំណាច ជាវប្បធម៌និទណ្ឌភាព។  

សម្ព័ន្ធភាពគ្រួសារ ឬអាណាចក្រគ្រួសាររវាងអ្នកមានអំណាចដែលក្តោបអំណាច និងជំនួញផ្តាច់មុខនៅកម្ពុជាស្ថិតក្នុងប្រព័ន្ធបរិបាលកិច្ចអតិថិជន ឬប្រព័ន្ធអញជួយឯង ឯងជួយអញ ហើយកំពុងរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងកិច្ចសន្យារបស់រដ្ឋាភិបាលក្នុងការផ្តល់ដីសម្បទាន ការកាត់ដីរដ្ឋទៅឱ្យបក្ខពួក និងឱកាសធ្វើអាជីវកម្មគ្រប់បែបយ៉ាង ត្រូវបានធ្វើឡើងដោយឥតអៀនខ្មាស់ក្រោមរូបភាពពុករលួយនយោបាយ។ ជារួមប្រព័ន្ធបរិបាលកិច្ចអតិថិជននៅកម្ពុជា ដែលរក្សាបានតាមរយៈការរំលោភអំណាចរបស់រដ្ឋាភិបាល គឺជាយន្តការដ៏រឹងមាំដែលធានាដល់ការគ្រប់គ្រងរបស់គណបក្សកាន់អំណាច និងភាពស្មោះត្រង់របស់ឧកញ៉ាដែលមានឥទ្ធិពល។ ការអនុគ្រោះផ្នែកសេដ្ឋកិច្ច ការការពារនយោបាយ ឧបាយកលតុលាការ ត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់អាណាចក្រគ្រួសារត្រកូលហ៊ុននេះ។

គេអាចមើលឃើញថា ការភ្ជាប់គ្នានៃអំណាចនយោបាយ និងកលល្បិចសេដ្ឋកិច្ចដើម្បីបង្កើតប្រព័ន្ធអញជួយឯង ឯងជួយអញ បង្កើតបានសេណារីយ៉ូមួយ ដែលការប្រើប្រាស់អំពើហឹង្សាជាឧបករណ៍នយោបាយ ដែលអាចធ្វើឱ្យសម្រេចបាននូវការរក្សាអំណាច និងលុបបំបាត់អ្នកមិនស្របនឹងខ្លួន។ ការសម្លាប់មនុស្សដោយឧកញ៉ាល្មើស ស្រី ស៊ីណា មិនមែនគ្រាន់តែជាឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែជារោគសញ្ញានៃការបរាជ័យប្រព័ន្ធនីតិរដ្ឋ និទណ្ឌភាព តុលាការមិនឯករាជ្យ អំពើពុករលួយ និងការរំលោភអំណាចរដ្ឋ ដែលចុងក្រោយយុត្តិធម៌កម្ពុជាគឺជាទំនិញដែលអាចទិញដូរនៅលើទីផ្សារបាន។

[1] Brickell, K. (2016). Gendered Violence and Rule of/by Law in Cambodia. Dialogues in Human Geography, 6(2), 182-185. https://doi.org/10.1177/2043820616655017.

[1] Martin Krygier, Rule of Law, in The Oxford Handbook of Comparative Constitutional Law 233, 234 (Michel Rosenfeld & András Sajó eds., 2012).