នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល, ឧកញ៉ា ជាឃាតករ ឈ្មោះ ស្រី ស៊ីណា បានចូលផ្ទះជនរងរួចបាញ់រះលើ បណ្ដាលឲ្យបាត់បង់ជីវិត ចំនួនពីរនាក់(ស្រី១នាក់) និងរបួសធ្ងន់ស្រាល ចំនួនពីរនាក់ ក្នុងបុរី ប៉េងហួត បឹងស្នោរ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ អំពើមនុស្សឃាតនេះ ត្រូវ បានគេចាត់ទុកថា ជាអំពើមនុស្សឃាត ដែលព្រៃផ្សៃបំផុតប្រចាំ ឆ្នាំ ២០២៤។ តាមការលើកឡើងរបស់ឃាតករ ថាការបាញ់ប្រហារនេះជា ការអន្ដរាគមន៍រវាងអ្នកជួលផ្ទះរបស់ខ្លួន និង ជនរងគ្រោះ ដែលធ្លាប់ទាស់ទែងសម្ដីពីបញ្ហាស្នួខោអាវ និងមែកស្វាយ។ បន្ទាប់ពីបាញ់ប្រហាររួច ឃាតករបានបើកឡានរត់ និងបានឃាត់ខ្លួននៅ ទឹកដីខេត្តកណ្ដាល។
នៅថ្ងៃទី២២ មិថុនា ២០២៤ ព្រះរាជ្ញអាជ្ញារសាលាដំបូង ភ្នំពេញ បានចោទប្រកាន់ចំនួន៣បទល្មើស៖ ទី១៖ ចោទប្រកាន់ពីបទឃាតកម្ម ទី២៖ ប៉ុនប៉ងឃាតកម្ម និងទី៣៖ ប្រើប្រាស់អាវុធដោយខុសច្បាប់។ សំណុំរឿង នេះត្រូវបានញ៉ែកជាពីរផ្សេងគ្នា៖ ១. សំណុំរឿងបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដាក់ ពន្ធនាគារពី១០ ទៅ ១៥ឆ្នាំ) ២. ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដាក់ពន្ធនាគារ ពី១០ ទៅ ១៥ឆ្នាំ)។
ហេតុអ្វីឃាតករនេះបាញ់សម្លាប់មនុស្ស?
ដោយផ្តើមចេញពីជម្លោះស៊ីវិលបន្តិចបន្តួចរវាងអ្នកជិតខាងរបស់ជនរងគ្រោះ និងជាអ្នកជួលផ្ទះឧកញ៉ា ឃាតករអំឡុងពេល ប្រហែល៣ ឬ៤ថ្ងៃមុនថ្ងៃកើតហេតុ អ្នកជួលផ្ទះឃាតករបានរាយការណ៍ពីការទាស់ ទែងសម្ដីគ្នាជាមួយជនរងគ្រោះ។ បន្ទាប់មកនៅថ្ងៃកើតហេតុ ឃាតករបានចូលមកក្នុងផ្ទះ ដោយប្រើប្រាស់ ឥរិយាបទអសីលធម៏ សម្ដីមិនសមរម្យ ឥរិយាបទច្រង៉ែងច្រង៉ាង និងឈានទៅដល់ការបាញ់ប្រហារយ៉ាង ព្រៃផ្សៃតែម្ដង។ ករណីនេះប្រសិនបើគ្មានការបញ្ជេះកំហឹង និងញ៉ុះញ៉ុងពីអ្នកជួលផ្ទះ ការបាញ់សម្លាប់ក៏មិន អាចកើតឡើង។
តើអ្នកជួលផ្ទះឃាតករត្រូវជាអ្វីនឹងគ្នា ទើបបណ្ដាលឲ្យមានការអន្ដរាគមន៍យ៉ាងឃោរឃៅ និងព្រៃផ្សៃយ៉ាងនេះ?
ប្រភពមួយចំនួនបានលើកឡើងថា អ្នកជួលផ្ទះ និងឃាតករបានប្រព្រឹត្តអំពើ “ផិត”[1] ដែលសព្វថ្ងៃ នាងរស់ នៅជាមួយម្ដាយ និងប្អូនប្រុសម្នាក់។ ប៉ុន្ដែមិនមានការស៊ើបអង្កេតបន្ថែមពីសំណាក់អាជ្ញាធរ និងការ បញ្ជាក់ពីគ្រួសារឃាតករនៅឡើយថា អ្នកជួលផ្ទះជាស្រីកំណាន់របស់ឃាតករឬក៏យ៉ាងណា។
[1] ផិត មានន័យថា បុរស ឬស្ដ្រី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រំលាយ បានទៅរួមសវនកិច្ច (រួមភេទ) ជាមួយបុរស ឬស្ដ្រី ដទៃ។
កាំភ្លើងឃាតករបានមកពីណា?
ត្រង់ចំណុចនេះ ក៏មិនមាននូវការស៊ើបអង្កេតឲ្យដល់ឬសគល់ថាតើកាំភ្លើងខ្លីនេះ ខ្ចីគេ ឬទិញ មកពីខាង ណានោះទេ ពីព្រោះឃាតករគ្មានសមត្ថកិច្ច ឬតួនាទីក្នុងការប្រើប្រាស់អាវុធឡើយ។ បើយោងទៅលើច្បាប់ មានតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃប៉ុណ្ណោះ មានសមត្ថកិច្ចចេញអាជ្ញាប័ណ្ណប្រើប្រាស់អាវុធទៅជនទាំងឡាយបាន។ ករណីនេះ ទំនងជាអាជ្ញាធរ និងតុលាការហាក់គ្មានបំណងស៊ើបអង្កេតបន្តឲ្យបាន ល្អិតល្អន់នោះឡើយ។
ត្រឡប់មកមើលបទចោទរបស់ព្រះរាជអាជ្ញារ៖
ទី១). បទឃាតកម្ម (មាត្រា១៩៩ ក្រមព្រហ្មទណ្ឌ) ដោយសំអាងថា ឃាតករមិនបានគិតទុកជាមុន និងពួនស្ទាក់ ហើយមុននឹងបាញ់ប្រហារ គឺមានការទាស់សម្ដីគ្នា។ ការសំអាងហេតុនេះ ទំនងជាមិនត្រឹម ត្រូវទេ។ ឃាតករបាន ដឹងមុនជាច្រើនថ្ងៃ ហើយថ្ងៃប្រតិបត្តិការ ឃាតករបានសៀតកាំភ្លើងនៅចង្កេះ ពាក់អាវ ធំពីក្រៅដើម្បីបិទបាំង ឲ្យគេជូនមកដោយជិះម៉តូ និងឡានរបស់ខ្លួនទុកនៅឆ្ងាយដើម្បីងាយនឹងចល័ត។ ជាឡូស៊ីក បើឃាតករមិនមានបំណងសម្លាប់គ្មានឡើយការដាក់កាំភ្លើងតាមខ្លួន ទាំងដឹងថាវាជាការកាន់ កាប់អាវុធខុសច្បាប់ថែមទៀត។
ទី២). ប៉ុនប៉ងឃាតកម្ម មានន័យថា ជាការប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ[1] (មាត្រា២៧ និង២០០ ក្រមព្រហ្ម ទណ្ឌ)។ ករណីនេះ ព្រះរាជអាជ្ញារចោទប្រកាន់ ដោយសំអាងលើជនរងគ្រោះពីរនាក់ដែលរួចជីវិត និងត្រឹម តែរងរបួស។ ការប្រព្រឹត្តមិនបានសម្រេចនេះបានចាត់ទុកថា ជាការប៉ុនប៉ង ឬការប៉ុនប៉ងបានសម្រេច (Complete Attempt) ដោយសារតែ ឃាតករបានបាញ់រះជាច្រើនគ្រាប់ក្នុងគោលបំណងផ្ដាច់ផ្ដិលជីវិត ប៉ុន្ដែសំណាងល្អជនរងគ្រោះមិនស្លាប់។ បើករណីដដែលនេះឃើញថាឃាតករជិតនឹងបាញ់ប្រហារ ប៉ុន្ដែ ប៉ូលីសមកចាប់ខ្លួនទាន់ហៅថាប៉ុនប៉ងមិនសម្រេច (Incomplete Attempt) ដោយសារកត្តាខាងក្រៅបណ្ដាលឲ្យខកខាន។ សម្រេច ឬមិនសម្រេចមានទោសដូចគ្នា ហើយទោសប៉ុនប៉ងឃាតកម្មអនុវត្តដូច ទៅនឹងករណីទី១ ខាងលើ។
ទី៣). បទល្មើសកាន់កាប់អាវុធខុសច្បាប់ (មាត្រា២០ ទោសពី៦ខែ ដល់ពីរឆ្នាំ) មានន័យថា ជាការកាន់ កាប់អាវុធដោយមិនមានអាជ្ញារប័ណ្ណទទួលស្គាល់ពីក្រសួងមានសមត្ថកិច្ច ដោយឡែកជនស៊ីវិលត្រូវស្ថិត ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ (មាត្រា ១១ ច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ)។ មាត្រា៦ នៃច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ អនុញ្ញាតឲ្យតែក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មានក្លឹប និងទីលានសម្រាប់ហាត់បាញ់ដើម្បីហ្វឹកហ្វឺន។ អាវុធរបស់ឃាតករប្រើក្នុងការបាញ់ប្រហារនេះ គឺពិតជា ទិញ ឬខ្ចីពីនរណាម្នាក់ដែលសមត្ថកិច្ចត្រូវស៊ើបអង្កេត។
បន្ថែមលើនេះ ចរិកនៃការប្រព្រឹត្តបទល្មើសរបស់ឃាតករ គឺឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដែលសម្លាប់មនុស្សស្លូតត្រង់ និងមានស្ដ្រីផង។ ប្រទេសដែលកំពុងមានសង្គ្រាម ជនស៊ីវិលត្រូវបានការពារជីវិត ដោយមិនអាចសម្លាប់តាមទំនើងចិត្តបានឡើយ ប៉ុន្ដែកម្ពុជា ដែលជាប្រទេសមានសន្ដិភាព បែរជីវិតមនុស្ស ស្លាប់យ៉ាងផុយស្រួយទៅវិញ។ មិនត្រឹមតែប៉ុណ្ណេះ ករណីនេះជះផលអាក្រក់ដល់សង្គម ធ្វើឲ្យប៉ះពាល់ផ្លូវ អារម្មណ៍សាធារណៈជន កេរ្ដិ៍ឈ្មោះជាតិ និងផ្នត់គំនិតរបស់ពលរដ្ឋទូទៅចំពោះអ្នកមានអំណាច មានលុយ ថាជាមនុស្សសាហាវឃោរឃៅយង់ឃ្នង ចំណែកពលរដ្ឋវីញពួកគេកំពុងរស់នៅក្នុងសង្គមដែលងាយរង គ្រោះ និងអសុវត្ថិភាពបំផុត។ ទំហំនៃការប៉ះពាល់សង្គមដ៏ធំសម្បើមនេះមាន ចរិកលក្ខណៈជាការប្រព្រឹត្ត ស្រដៀងទៅនឹងទម្រង់ភេវរកម្ម សម្លាប់ មនុស្សគ្មានញញើត ការចោទត្រឹមបទឃាតកម្មពិតជាមិនយុត្តិធម៌ នោះឡើយ។ ទោះជាប្រទេសកម្ពុជាមិនមានទោសប្រហារជីវិត ប៉ុន្ដែការដាក់គុកមួយជីវិតចំពោះឃាតករ ជារឿងគួរឱ្យសាទរ ហើយវាបង្ហាញនូវយុត្តិធម៌ និងជាការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវនិងម៉ឺងម៉ាត់ទៀតផង។
សរុបមក តុលាការគួរតែបង្កាប់ឲ្យឃាតករសងសំណងទៅជនរងគ្រោះ បើកការស៊ើបអង្កេត ស្វែងប្រភព កាំភ្លើងរបស់ឃាតករ និងរកឲ្យឃើញអ្នកញុះញង់ ដែលបណ្ដាលឲ្យមានករណីនេះឡើង។ យុត្តិធម៌មិនអាច កាត់តម្រឹម ឬទៅមិនដល់ឬសគលនៃការពិតនោះឡើយ បើមិនដូច្នេះទេមានន័យថាគ្មានយុត្តិធម៌ ហើយ ពលរដ្ឋនឹងយល់ថាជាការស៊ុំគ្រលំបង្កើតនិទណ្ឌភាពក្នុងសង្គមបន្ថែមទៀត។ បន្ថែមលើនេះបន្តិច ការដែល ធ្វើឲ្យពលរដ្ឋជឿលើប្រព័ន្ធយុត្តិធម៌ មិនមែនអាចទៅរួចដោយគ្រាន់តែ ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី អ្នកមានអំណាច ឬនរណាម្នាក់ ចេញមកអំពាវនាវប៉ុណ្ណោះទេ ដាច់ខាតត្រូវតែមានការអនុវត្តន៍ច្បាប់ឲ្យបាន តឹងរឹងបំផុត បើមិនដូច្នេះទេ ការប៉ះប៉ូវជំនឿពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌គឺមិនអាចទៅរួចឡើយ។
[1] ផិត មានន័យថា បុរស ឬស្ដ្រី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រំលាយ បានទៅរួមសវនកិច្ច (រួមភេទ) ជាមួយបុរស ឬស្ដ្រី ដទៃ។
[1] ទោសព្រហ្មទណ្ឌមានបី៖ បទលហុ បទមជ្ឈិម និងបទឧក្រិដ្ឋ។