ភេរវកម្មរបស់ឧកញ៉ារបបហ៊ុនទៅលើពលរដ្ឋស្លូតត្រង់

នៅថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល, ឧកញ៉ា ជាឃាតករ ឈ្មោះ ស្រី ស៊ីណា បានចូលផ្ទះជនរងរួចបាញ់រះ​លើ បណ្ដាលឲ្យបាត់បង់ជីវិត ចំនួនពីរនាក់(ស្រី១នាក់) និងរបួស​​ធ្ងន់ស្រាល ចំនួនពីរនាក់ ក្នុងបុរី ប៉េងហួត បឹងស្នោរ ខណ្ឌ​ ច្បារអំពៅ​ រាជធានីភ្នំពេញ ។ អំពើមនុស្សឃាតនេះ ត្រូវ បានគេចាត់ទុកថា​ ជាអំពើមនុស្សឃាត ដែលព្រៃផ្សៃបំផុតប្រចាំ ឆ្នាំ ២០២៤។ តាមការលើកឡើងរបស់ឃាតករ ថាការបាញ់ប្រហារនេះជា ការអន្ដរាគមន៍រវាងអ្នកជួលផ្ទះរបស់ខ្លួន និង ជនរងគ្រោះ ដែលធ្លាប់ទាស់ទែង​សម្ដី​ពីបញ្ហាស្នួខោអាវ និងមែកស្វាយ។ បន្ទាប់ពីបាញ់ប្រហាររួច ឃាតករបានបើកឡានរត់ និងបានឃាត់ខ្លួននៅ ទឹកដីខេត្តកណ្ដាល។

នៅថ្ងៃទី២២ មិថុនា ២០២៤ ព្រះរាជ្ញអាជ្ញារសាលាដំបូង ភ្នំពេញ បានចោទប្រកាន់ចំនួន៣បទ​ល្មើស​៖ ទី១៖ ចោទប្រកាន់ពីបទឃាតកម្ម ទី២៖ ប៉ុនប៉ងឃាតកម្ម និងទី៣៖ ប្រើប្រាស់អាវុធដោយខុសច្បាប់។ សំណុំរឿង នេះត្រូវបានញ៉ែកជាពីរផ្សេងគ្នា៖ ១. សំណុំរឿងបទ ឃាតកម្ម  និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដាក់ ពន្ធនាគារពី១០ ទៅ ១៥ឆ្នាំ) ២. ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដាក់ពន្ធនាគារ ពី១០ ទៅ ១៥ឆ្នាំ)។

ហេតុអ្វីឃាតករនេះបាញ់សម្លាប់មនុស្ស?

ដោយផ្តើមចេញពីជម្លោះស៊ីវិលបន្តិចបន្តួចរវាងអ្នកជិតខាងរបស់ជនរងគ្រោះ និងជាអ្នកជួលផ្ទះឧកញ៉ា ឃាតករអំឡុងពេល  ប្រហែល៣ ឬ៤ថ្ងៃមុនថ្ងៃកើតហេតុ អ្នកជួលផ្ទះឃាតករបានរាយការណ៍ពីការទាស់ ទែងសម្ដីគ្នាជាមួយជនរងគ្រោះ។ បន្ទាប់មកនៅថ្ងៃកើតហេតុ ឃាតករបានចូលមកក្នុងផ្ទះ ដោយប្រើប្រាស់ ឥរិយាបទអសីលធម៏ សម្ដីមិនសមរម្យ ឥរិយាបទច្រង៉ែងច្រង៉ាង និងឈានទៅដល់ការបាញ់ប្រហារយ៉ាង ព្រៃផ្សៃតែម្ដង។ ករណីនេះប្រសិនបើគ្មានការបញ្ជេះកំហឹង និងញ៉ុះញ៉ុងពីអ្នកជួលផ្ទះ ការបាញ់សម្លាប់ក៏មិន អាចកើតឡើង។

តើអ្នកជួលផ្ទះឃាតករត្រូវជាអ្វីនឹងគ្នា ទើបបណ្ដាលឲ្យមានការអន្ដរាគមន៍យ៉ាងឃោរឃៅ និងព្រៃផ្សៃយ៉ាងនេះ?

ប្រភពមួយចំនួនបានលើកឡើងថា អ្នកជួលផ្ទះ និងឃាតករបានប្រព្រឹត្តអំពើ “ផិត”[1] ដែលសព្វថ្ងៃ នាងរស់ នៅជាមួយម្ដាយ និងប្អូនប្រុសម្នាក់។ ប៉ុន្ដែមិនមានការស៊ើបអង្កេតបន្ថែមពីសំណាក់អាជ្ញាធរ និងការ បញ្ជាក់ពីគ្រួសារឃាតករនៅឡើយថា អ្នកជួលផ្ទះជាស្រីកំណាន់របស់ឃាតករឬក៏យ៉ាងណា។

[1] ផិត មានន័យថា បុរស ឬស្ដ្រី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រំលាយ បានទៅរួមសវនកិច្ច (រួមភេទ) ជាមួយបុរស ឬស្ដ្រី ដទៃ។

កាំភ្លើងឃាតករបានមកពីណា?

ត្រង់ចំណុចនេះ ក៏មិនមាននូវការស៊ើបអង្កេតឲ្យដល់ឬសគល់ថាតើកាំភ្លើងខ្លីនេះ ខ្ចីគេ ឬទិញ មកពីខាង ណានោះទេ ពីព្រោះឃាតករគ្មានសមត្ថកិច្ច ឬតួនាទីក្នុងការប្រើប្រាស់អាវុធឡើយ។ បើយោងទៅលើច្បាប់ មានតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃប៉ុណ្ណោះ មានសមត្ថកិច្ចចេញអាជ្ញាប័ណ្ណប្រើប្រាស់អាវុធទៅ​ជនទាំងឡាយបាន។ ករណីនេះ ទំនងជាអាជ្ញាធរ និងតុលាការហាក់គ្មានបំណងស៊ើបអង្កេតបន្តឲ្យបាន ល្អិតល្អន់នោះឡើយ។

ត្រឡប់មកមើលបទចោទរបស់ព្រះរាជអាជ្ញារ៖

ទី១). បទឃាតកម្ម (មាត្រា១៩៩ ក្រមព្រហ្មទណ្ឌ) ដោយសំអាងថា ឃាតករមិនបានគិតទុកជាមុន និងពួនស្ទាក់ ហើយមុននឹងបាញ់ប្រហារ គឺមានការទាស់សម្ដីគ្នា។ ការសំអាងហេតុនេះ ទំនងជាមិនត្រឹម ត្រូវទេ។ ឃាតករបាន ដឹងមុនជាច្រើនថ្ងៃ ហើយថ្ងៃប្រតិបត្តិការ ឃាតករបានសៀតកាំភ្លើងនៅចង្កេះ ពាក់អាវ ធំពីក្រៅដើម្បីបិទបាំង ឲ្យគេជូនមកដោយជិះម៉តូ និងឡានរបស់ខ្លួនទុកនៅឆ្ងាយដើម្បីងាយនឹងចល័ត។ ជាឡូស៊ីក បើឃាតករមិនមានបំណងសម្លាប់គ្មានឡើយការដាក់កាំភ្លើងតាមខ្លួន ទាំងដឹងថាវាជាការកាន់ កាប់អាវុធខុសច្បាប់ថែមទៀត។

ទី២). ប៉ុនប៉ងឃាតកម្ម មានន័យថា ជាការប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ[1] (មាត្រា២៧ និង២០០ ក្រមព្រហ្ម ទណ្ឌ)។ ករណីនេះ ព្រះរាជអាជ្ញារចោទប្រកាន់ ដោយសំអាងលើជនរងគ្រោះពីរនាក់ដែលរួចជីវិត និងត្រឹម តែរងរបួស។ ការប្រព្រឹត្តមិនបានសម្រេចនេះបានចាត់ទុកថា​ ជាការប៉ុនប៉ង ឬការប៉ុនប៉ងបានសម្រេច (Complete Attempt) ដោយសារតែ ឃាតករបានបាញ់រះជាច្រើនគ្រាប់ក្នុងគោលបំណងផ្ដាច់ផ្ដិលជីវិត ប៉ុន្ដែសំណាងល្អជនរងគ្រោះមិនស្លាប់។ បើករណីដដែលនេះឃើញថាឃាតករជិតនឹងបាញ់ប្រហារ ប៉ុន្ដែ ប៉ូលីសមកចាប់ខ្លួនទាន់ហៅថាប៉ុនប៉ងមិនសម្រេច (Incomplete Attempt) ដោយសារកត្តាខាងក្រៅបណ្ដាលឲ្យខកខាន។ សម្រេច ឬមិនសម្រេចមានទោសដូចគ្នា ហើយទោសប៉ុនប៉ងឃាតកម្មអនុវត្តដូច ទៅនឹងករណីទី១ ខាងលើ។

ទី៣). បទល្មើសកាន់កាប់អាវុធខុសច្បាប់ (មាត្រា២០ ទោសពី៦ខែ ដល់ពីរឆ្នាំ) មានន័យថា ជាការកាន់ កាប់អាវុធដោយមិនមានអាជ្ញារប័ណ្ណទទួលស្គាល់ពីក្រសួងមានសមត្ថកិច្ច ដោយឡែកជនស៊ីវិលត្រូវស្ថិត ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ (មាត្រា ១១ ច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ)។ មាត្រា៦ នៃច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ អនុញ្ញាតឲ្យតែក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មានក្លឹប និងទីលានសម្រាប់ហាត់បាញ់ដើម្បីហ្វឹកហ្វឺន។ អាវុធរបស់ឃាតករប្រើក្នុងការបាញ់ប្រហារនេះ គឺពិតជា ទិញ ឬខ្ចីពីនរណាម្នាក់ដែលសមត្ថកិច្ចត្រូវស៊ើបអង្កេត។

បន្ថែមលើនេះ ចរិកនៃការប្រព្រឹត្តបទល្មើសរបស់ឃាតករ គឺឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដែល​សម្លាប់មនុស្ស​ស្លូតត្រង់ និងមានស្ដ្រីផង។ ប្រទេសដែលកំពុងមានសង្គ្រាម ជនស៊ីវិលត្រូវបានការពារជីវិត ដោយមិនអាចសម្លាប់តាមទំនើងចិត្តបានឡើយ ប៉ុន្ដែកម្ពុជា ដែលជាប្រទេសមានសន្ដិភាព បែរជីវិតមនុស្ស ស្លាប់យ៉ាងផុយស្រួយទៅវិញ។ មិនត្រឹមតែប៉ុណ្ណេះ ករណីនេះជះផលអាក្រក់ដល់សង្គម ធ្វើឲ្យប៉ះពាល់ផ្លូវ អារម្មណ៍សាធារណៈជន កេរ្ដិ៍ឈ្មោះជាតិ និងផ្នត់គំនិតរបស់ពលរដ្ឋទូទៅចំពោះអ្នកមានអំណាច មានលុយ ថាជាមនុស្សសាហាវឃោរឃៅយង់ឃ្នង ចំណែកពលរដ្ឋវីញពួកគេកំពុងរស់នៅក្នុងសង្គមដែលងាយ​រង គ្រោះ និងអសុវត្ថិភាពបំផុត។ ទំហំនៃការប៉ះពាល់សង្គមដ៏ធំសម្បើមនេះមាន ចរិកលក្ខណៈជាការប្រព្រឹត្ត ស្រដៀងទៅនឹងទម្រង់ភេវរកម្ម សម្លាប់ មនុស្សគ្មានញញើត ការចោទត្រឹមបទឃាតកម្មពិតជាមិនយុត្តិធម៌ នោះឡើយ។ ទោះជាប្រទេសកម្ពុជាមិនមានទោសប្រហារជីវិត ប៉ុន្ដែការដាក់គុកមួយជីវិតចំពោះឃាតករ ជារឿងគួរឱ្យសាទរ ហើយវាបង្ហាញនូវយុត្តិធម៌ និងជាការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវនិងម៉ឺងម៉ាត់ទៀតផង។

សរុបមក តុលាការគួរតែបង្កាប់ឲ្យឃាតករសងសំណងទៅជនរងគ្រោះ បើកការស៊ើបអង្កេត ស្វែងប្រភព កាំភ្លើងរបស់ឃាតករ និងរកឲ្យឃើញអ្នកញុះញង់ ដែលបណ្ដាលឲ្យមានករណីនេះឡើង។ យុត្តិធម៌មិនអាច កាត់តម្រឹម ឬទៅមិនដល់ឬសគលនៃការពិតនោះឡើយ បើមិនដូច្នេះទេមានន័យថាគ្មានយុត្តិធម៌ ហើយ ពលរដ្ឋនឹងយល់ថាជាការស៊ុំគ្រលំបង្កើតនិទណ្ឌភាពក្នុងសង្គមបន្ថែមទៀត។ បន្ថែមលើនេះបន្តិច ការដែល ធ្វើឲ្យពលរដ្ឋជឿលើប្រព័ន្ធយុត្តិធម៌ មិនមែនអាចទៅរួចដោយគ្រាន់តែ ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី​ អ្នកមានអំណាច ឬនរណាម្នាក់ ចេញមកអំពាវនាវប៉ុណ្ណោះទេ ដាច់ខាតត្រូវតែមានការអនុវត្តន៍ច្បាប់ឲ្យបាន តឹងរឹងបំផុត បើមិនដូច្នេះទេ ការប៉ះប៉ូវជំនឿពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌គឺមិនអាចទៅរួចឡើយ។   

[1] ផិត មានន័យថា បុរស ឬស្ដ្រី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រំលាយ បានទៅរួមសវនកិច្ច (រួមភេទ) ជាមួយបុរស ឬស្ដ្រី ដទៃ។

[1] ទោសព្រហ្មទណ្ឌមានបី៖ បទលហុ បទមជ្ឈិម និងបទឧក្រិដ្ឋ។