July 11, 2025
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដាក់អត្រា ពន្ធលើផលិតផលនាំចូលពីប្រទេសកម្ពុជារហូតដល់៣៦% ជាអត្រាពន្ធដ៏ខ្ពស់លំដាប់ទី២ដែលបានកំណត់ដោយរដ្ឋាភិបាល សហរដ្ឋអាម៉េរិក ដែលនឹងចូលប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ខាងមុខ។ នេះមិនមែនជា «ជោគជ័យ» ឬជា បុព្វហេតុមួយសម្រាប់ «អង្គុយលើចង្អេរលើកខ្លួនឯង» ដូចមនុស្សមួយចំនួននៃរបបគ្រប់គ្រងនៅប្រទេសកម្ពុជាបានអះអាង ដែលស្ដាប់ទៅគួរឲ្យអស់សំណើចនោះទេ។ ផ្ទុយទៅវិញអត្រាពន្ធដ៏ខ្ពស់ប្រកបដោយគ្រោះថ្នាក់បែបនេះគឺជាការគំរាមកំហែង ដោយផ្ទាល់មួយដែលអាចជាគ្រោះមហន្តរាយមួយក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរជិតមួយលាននាក់ដែលកំពុង ធ្វើការក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងលើសពីនេះទៀតនោះគឺទៅលើភាពរស់រានមានជីវិតនៃប្រជាជាតិយើង។
១. វិសមភាព ដ៏គ្រោះថ្នាក់ និងលទ្ធភាពបាត់បង់ទីផ្សារការងារ៖ អត្រាពន្ធ៣៦%នេះ ផ្ទុយគ្នា ស្រឡះជាមួយ នឹង អត្រាពន្ធ ទាបបំផុតដែលមានត្រឹមតែ២០%ប៉ុណ្ណោះសម្រាប់ ប្រទេស វៀតណាម ដែលជា ដៃគូ ប្រកួតប្រជែង ផ្ទាល់របស់ប្រទេស កម្ពុជា ក្នុងវិស័យ កាត់ដេរ។ វិសមភាពនេះបង្ហាញពីបរាជ័យយ៉ាងដំណំរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន ជា បរាជ័យមួយដែលប្រសិនបើនៅតែណ្ដែតបណ្ដោយមិនព្រមដោះស្រាយទេវានឹងឈានទៅដល់ការផ្ទេររោងចក្រ ឧស្សាហកម្ម និងការងារសំខាន់ៗទៅកាន់ប្រទេសវៀតណាមដោយចៀសមិនរួច។ ដោយសារអ្នកទិញទំនិញបរទេស តែងស្វែងរកកិច្ចព្រមព្រៀងទិញទំនិញដែលមានតម្លៃថោកបំផុតនោះ អត្រាពន្ធ៣៦%នេះនឹងធ្វើឱ្យផលិតផលរបស់ ប្រទេសកម្ពុជាឡើងថ្លៃខ្ពស់ ដែលនឹងធ្វើឲ្យបាត់បង់រោងចក្រឧស្សាហកម្មនៅប្រទេសយើង ហើយការងារដ៏មានតម្លៃ នឹងហូរចេញទៅបណ្ដាប្រទេសជិតខាង។ បញ្ហានេះនឹងបង្កើនភាពឈឺចាប់កាន់តែខ្លាំងឡើងថែមទៀតសម្រាប់ប្រជា ពលរដ្ឋខ្មែរ រួមទាំងពលករខ្មែរចំណាកស្រុកដែលទើបតែវិលត្រឡប់ ចូលប្រទេសវិញតាមការអំពាវនាវរបស់របប គ្រប់គ្រងបច្ចុប្បន្ន ធ្វើឲ្យអ្នកទាំងនោះមិនអាចរកការងារធ្វើបាននៅក្នុងប្រទេស ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកំពុង រស់នៅក្នុងប្រទេសដែលកំពុងរងទុក្ខវេទនាផងដែរ។
KMD សូមសំណូមពរដោយទទូចថា ការព្រួយបារម្ភចម្បងៗដូចខាងក្រោមដែលបានរំលេចត្រួសៗរួចមកហើយ ត្រូវតែដោះស្រាយជាបន្ទាន់ ក្នុងនោះរួមមាន៖
២. ទប់ស្កាត់ឧបាយកលពាណិជ្ជកម្មរបស់ចិន៖ អត្រាពន្ធ៣៦% និងអត្រាពន្ធ៤០%លើការដឹកទំនិញ «ឆ្លងកាត់» ដែល នឹងចូលប្រសិទ្ធភាពក្នុងពេលដ៏ខ្លីខាងមុខ បង្កជាការគំរាមកំហែងមួយ កើតឡើងដោយសារតែប្រទេសកម្ពុជាពឹងផ្អែក ស្ទើរតែទាំងស្រុងទៅលើវត្ថុធាតុដើមរបស់ប្រទេសចិន និងលំអានដែលរបបនេះបានបង្កើតឡើងដើម្បីសម្របសម្រួល ការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចរបស់ពាណិជ្ជករចិន។ សហរដ្ឋ អាមេរិក ត្រូវ តែ ទទូច ឱ្យ មាន តម្លាភាពដាច់ខាត និង ត្រូវ ពិនិត្យផ្ទៀងផ្ទាត់ យ៉ាងហ្មត់ចត់ ដើម្បី ធានា ថា ទំនិញទាំងនោះ ត្រូវបាន ផលិត ដោយ ពលករខ្មែរ ពិត ប្រាកដ មិន មែន ដោយ ក្រុមហ៊ុន ជួរមុខ របស់ចិន នោះ ទេ ដើម្បីទទួល បាន ដំណោះស្រាយដោយយុត្តិធម៌។ រាល់កិច្ចព្រមព្រៀងពាណិជ្ជ កម្មត្រូវតែបញ្ចូលផងដែរនូវវិធានការពង្រឹងការអនុវត្តដ៏ហ្មត់ចត់។ ប៉ុន្តែកិច្ចការនេះមិនអាចសម្រេចបានឡើយ ប្រសិន បើរបបគ្រប់គ្រងនៅកម្ពុជានៅតែបន្តដើរតួជាភ្នាក់ងារសម្ងាត់របស់ប្រទេសចិន ធ្វើឲ្យបាត់បង់ទម្លាប់ទូទៅនៃការធ្វើ ពាណិជ្ជកម្មដោយស្មើភាព និងជួយបង្កើនភាពចម្រុងចម្រើនដល់ក្រុមឥស្សរជននយោបាយមួយក្ដាប់តូចតែប៉ុណ្ណោះ មិនមែនប្រជាពលរដ្ឋខ្មែរទូទៅនោះឡើយ។
៣. ទប់ស្កាត់ឧស្សាហកម្មឧក្រិដ្ឋកម្មបច្ចេកវិទ្យា៖ ឧស្សាហកម្មឧក្រិដ្ឋកម្មបច្ចេកវិទ្យាមានតម្លៃរាប់ពាន់ លានដុល្លារដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅទៅរកស្ថាប័ននានារបស់សហរដ្ឋអាមេរិក និងពាក់ព័ន្ធនឹងការធ្វើពលកម្មដោយបង្ខំ និងបទឧក្រិដ្ឋកម្មសម្ងាត់របស់ចិន ធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ទៅដល់ទំនាក់ ទំនងពាណិជ្ជកម្មស្របច្បាប់។ ដូចការរកឃើញរបស់បណ្ដាញពង្រឹងការអនុវត្តច្បាប់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) នៃក្រសួងរតនាសហរដ្ឋអាម៉េរិក បញ្ជាក់ថា ក្រុមហ៊ុន Huione Group ចាត់ចែងសកម្មភាពលាងលុយ កខ្វក់ និងឧក្រិដ្ឋកម្មឆ្លងដែន។ សហរដ្ឋអាមេរិកត្រូវតែទាមទារឱ្យមានចំណាត់ការដើម្បីកម្ទេចចោលបណ្តាញទាំងនេះ និងនាំយកអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មនេះមកកាត់ទោសតាមច្បាប់។ ប៉ុន្តែកិច្ចការនេះទាមទារឱ្យរបបគ្រប់គ្រងត្រូវប្តេជ្ញា ចិត្តចំពោះនីតិរដ្ឋ និងការការពារប្រជាពលរដ្ឋរបស់ខ្លួន មិនមែនការពារសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងឥស្សរ ជនសំខាន់ៗ។
៤. ចំណាត់ការចំពោះការស្រុតចុះនៃទំនុកចិត្ត និងទង្វើអសុចរិតភាព៖ ការធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាសាមន្តរដ្ឋមួយជាមួយនឹងវត្តមានជាអចិន្ត្រៃយ៍នៃកងយោធាចិន បង្ហាញយ៉ាងច្បាស់តាមរយៈការកម្ទេចចោលសំណង់នានាដែលបាន សាងសង់ឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីសម្រួលដល់ការ ពង្រីកឥទ្ធិពលរបស់ប្រទេសចិន និងគម្រោងព្រែកជីកហ្វូណនតេជោដ៏ស្មុគស្មាញ គឺជាបញ្ហាយ៉ាងជ្រាលជ្រៅមួយដែល បង្ហាញអំពី ភាពមិនទុកចិត្តគ្នា។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ពាក់ព័ន្ធ នឹងអព្យាក្រឹតភាព និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលកំណត់អំពីការប្រកាន់ខ្ជាប់នូវតម្លាភាព និងសុចរិតភាព។ ប្រទេស មួយដែលស្វះស្វែងរកការកសាងទំនាក់ទំនងដ៏រឹងមាំ មានតម្លាភាព និងមានសុចរិតភាព ជាមួយមហាអំណាចពិភព លោកទាំងអស់ មិនអាចដំណើរការក្នុងពេលដំណាលគ្នាដោយមិនយកចិត្តទុកដាក់ចំពោះក្របខណ្ឌច្បាប់ដែលបាន បង្កើតឡើង និងតុល្យភាពយុទ្ធសាស្ត្រនោះទេ។ សហរដ្ឋ អាមេរិក ត្រូវតែ ទាមទារ ឱ្យ មាន តម្លាភាព ពេញលេញ និង ត្រូវតែត្រួតពិនិត្យមើលឡើងវិញ ដោយ ឯករាជ្យទៅ លើ គម្រោង ទាំងនេះ។
ក្នុងខណៈពេលដែលប្រជាជាតិដទៃទាញយកធនធានបញ្ញា យុទ្ធសាស្ត្រ និងធនធានមនុស្សពីក្នុងស្រទាប់ប្រជាពលរដ្ឋរបស់ខ្លួន
ទាំងខាងក្នុង និងខាងក្រៅប្រទេស របបគ្រប់គ្រងនៅកម្ពុជាបែរជាចំណាយថាមភាពបស់ខ្លួនទៅលើភាពមិនប្រាកដប្រជា និងខិតខំបង្កើតតែសត្រូវផ្ទៃក្នុងទៅវិញ។ គេមិនត្រូវប្រើកលល្បិចនយោបាយទេ វាជាជីវិត ជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋយើង និងជាម្ហូបនៅលើតុសម្រាប់កុមារ និងចាស់ព្រឹទ្ធាចារ្យដែលជាកូនចៅ និងជាឪពុកម្ដាយរបស់ប្រជាពល រដ្ឋទាំងនោះ។ វាជាការរំពឹងចង់បានរបស់ពលករចំណាកស្រុកដែលប្រាថ្នាចង់វិលត្រឡប់ទៅប្រទេសកម្ពុជាដ៏សំបូររុងរឿង។ វាជាការបញ្ចប់វដ្តនៃទាសករបំណុល ហើយវាជាការរៀបចំអនាគតប្រទេសកម្ពុជាក្នុងនាម ជាប្រទេសឧស្សាហកម្មរីកចម្រើន មួយ មិនមែនជាប្រទេសក្រីក្រតោកយ៉ាកមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ឬរបស់គ្រួសារតែមួយនោះទេ។
Related Posts
KMD condemns Thailand’s disproportionate use of F-16 bombers on Cambodia
- admin
- December 17, 2025
December 16, 2025 The Khmer Movement for Democracy condemns the use by Thailand of US-made F-16 ..
Urging the Cambodian Government to Take Stringent Action Against Scam Centers and Human Rights Abuses
- admin
- February 25, 2026
February 25, 2026 In response to the February 2026 United Nations report, the Khmer Movement fo ..

