សេចក្ដីថ្លែងការណ៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់ Humanity Research Consultancy (HRC)ស្ដីពីការសមគំនិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា

ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សូមស្វាគមន៍​របាយការណ៍ស្រាវជ្រាវដែល​លាតត្រដាងអំពី​ការសមគំនិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា។

KMD សូមស្វាគមន៍ចំពោះរបាយការណ៍ស្រាវជ្រាវរបស់លោក Jacob Sims និងចេញផ្សាយ ដោយសហគ្រាសសង្គម Humanity Research Consultancy (HRC) ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ដែលបានរកឃើញថា ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលស្នូលនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលមានអង្គការចាត់ តាំងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

របាយការណ៍ស្រាវជ្រាវមួយដែលមានចំណងជើងថា Policies and Patterns: State-Abetted Transnational Crime in Cambodia as a Global Security Threat (គោលនយោបាយ និងការចាត់ ចែង៖ ឧក្រិដ្ឋកម្មឆ្លងដែនដែលសមគំនិតដោយអាជ្ញាធររដ្ឋនៅប្រទេសកម្ពុជា គំរាមកំហែងដល់សន្តិសុខ សកល) បង្ហាញថា ស្ថាប័នរដ្ឋនៅប្រទេសកម្ពុជា «គាំទ្រនិងការពារជាប្រព័ន្ធ និងដោយសម្ងាត់ដល់បណ្តាញ ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងការឆបោកឆ្លងដែន និងការជួញដូរមនុស្ស»។

របាយការណ៍នេះ «គឺជាសារដាស់តឿនមួយសម្រាប់ទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់សាកល និង សហគមន៍អន្តរជាតិ។ គេមិនត្រូវបន្តស្ងៀមស្ងាត់ជាមួយនឹងរបបមួយដែលបានទទួលផលប្រយោជន៍ពី អំពើឧក្រិដ្ឋកម្មនោះឡើយ»។ នេះគឺជាប្រសាសន៍របស់អ្នកស្រី មូរ សុខហួរ ប្រធាន KMD។ 

អ្នកស្រីប្រធានបានមានប្រសាសន៍បន្ថែមថា «សហគមន៍អន្តរជាតិត្រូវតែដាក់ទណ្ឌកម្មលើបុគ្គល សំខាន់បំផុតដែលត្រូវបានរកឃើញថា បានទទួលផលប្រយោជន៍ពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលមានការចាត់ តាំងក្នុងប្រទេសកម្ពុជា»។

របាយការណ៍ស្រាវជ្រាវនេះបានរៀបចំឡើងផ្អែកលើកិច្ចសម្ភាសន៍ជាមួយអ្នកសិក្សាជាន់ខ្ពស់ អ្នក សារព័ត៌មាន មន្រ្តីការទូត សមាជិកអង្គការសង្គមស៊ីវិល និងអ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មដោយបង្ខំ សរុបចំនួន៥១នាក់។ KMD កត់សម្គាល់ជាពិសេសនូវបញ្ជីឈ្មោះបុគ្គលទាំង២៨រូប ដែលបង្ហាញនៅទំព័រ ៥០នៃរបាយការណ៍ស្រាវជ្រាវ ដែលត្រូវបានស្នើឡើងដោយអ្នកផ្ដល់កិច្ចសម្ភាសន៍សម្រាប់ការចោទប្រកាន់ ការដាក់ទណ្ឌកម្ម ការហាមឃាត់ទិដ្ឋាការ និង/ឬវិធានការផ្សេងទៀត។

វាមិនទាន់គ្រប់គ្រាន់ទេដែលត្រឹមតែនិយាយថា មនុស្សទាំងនេះមានទំនាក់ទំនងជាមួយនឹងរបប គ្រប់គ្រងនៅកម្ពុជា។ ក្នុង​ករណី​ជាច្រើន​ ពួកគេគឺជាមន្រ្តីអ្នកមុខអ្នកការនៃ​របប​នេះ ដែលរួមមាន៖​ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក លី យ៉ុងផាត់ សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្សកាន់អំណាច។

អ្នកស្រី មូរ សុខហួរ បានបន្ថែមថា «ការគំរាមកំហែងដែលមន្ត្រីជាន់ខ្ពស់កម្ពុជាទាំងនេះបានបង្ក ដល់សន្តិសុខអន្តរជាតិ គួរតែត្រូវបានដោះស្រាយជាបន្ទាន់ ស្របទៅតាមច្បាប់ជាធរមាន»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី២៨-៣១ ខែ​ឧសភានេះ។ KMD សូមជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ជប៉ុន​លើក​ឡើងអំ​ពី​បញ្ហា​អន្តរ​វិស័យ​នៃ​ឧក្រិដ្ឋកម្ម​បច្ចេក វិទ្យា ការសមគំនិតរបស់រាជ​រដ្ឋាភិបាលកម្ពុជា និង​ការ​វាយ​ប្រហារ​មក​លើ​អង្គការសង្គម​ស៊ីវិលនៅ​កម្ពុជា។

KMD បន្តស្វាគមន៍ទៅលើសេចក្តីថ្លែងការណ៍រួមរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជា ជាតិ Tomoya Obokata, Siobhán Mullally និង Vitit Muntarbhorn បន្ទាប់ពីរបាយការណ៍ស្រាវជ្រាវ ដែលចេញផ្សាយដោយសហគ្រាសសង្គម HRC នេះ ។

សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង ឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលមានអង្គការចាត់តាំង និងការពង្រួញលំហសង្គមស៊ីវិលនៅកម្ពុជា។ ការធ្វើឱ្យ សង្គមស៊ីវិលចុះខ្សោយ ដូចបានកត់សម្គាល់ដោយសេចក្ដីថ្លែងការណ៍ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ការពារជនរងគ្រោះ បដិសេធលទ្ធភាពទទួលបានយុត្តិធម៌ និងរំខានទៅដល់អ្នកហ៊ានរាយការណ៍អំពី បាតុភាពអវិជ្ជមាននានា។

KMD ជឿជាក់ថា មានតែរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតនោះទេ ទើបមានសមត្ថភាពពេញលេញក្នុង ការធ្វើកំណែទម្រង់ស្ថាប័នដែលត្រូវការយ៉ាងចាំបាច់ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលមានអង្គការ ចាត់តាំងនេះ៕

 

Leave A Comment

Receive the latest news

Subscribe To Our Weekly Newsletter

Get notified about new articles

Subscribe to our newsletter: