June 01, 2025
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សូមថ្កោលទោសជាថ្មីម្តងទៀត ចំពោះសកម្មភាពឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីប្រទេសកម្ពុជា នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃតំបន់មុំបី ជាប់ព្រំដែនកម្ពុជា-ឡាវ-ថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យបាត់បង់ជីវិត យុទ្ធជនខ្មែរម្នាក់គឺលោកព្រឹន្ទបាលឯក សួន រោន។
ជាថ្មីម្តងទៀតផងដែរ KMD សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមកោតសរសើរនូវវីរភាពរបស់លោក ព្រមទាំងចាត់ទុកលោក សួន រោន ជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិមាតុភូមិ។ KMD ក៏សូមទាមទារឲ្យកងទ័ពឈ្លានពានថៃទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ផ្ទុះអាវុធនេះក៏ដូចជាទៅលើ មរណភាពរបស់លោកព្រឹន្ទបាលឯក សួន រោន។
ចំពោះការឈ្លានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ជាច្រើនលើកច្រើនសារនេះ KMD យល់ថា ភាគីកម្ពុជាត្រូវបញ្ឈប់ការចរចាទ្វេភាគីជាមួយថៃអំពីវិវាទបូរណភាពទឹកដីនេះ ពីព្រោះការចរចានេះមិនទទួលបានលទ្ធផលជាវិជ្ជមានសំរាប់កម្ពុជាឡើយ។ ផ្ទុយទៅវិញ ការចរចាទ្វេភាគីនេះ គ្រាន់តែជាការបន្តជម្លោះរ៉ាំរ៉ៃមិនចេះចប់ ហើយបង្កឲ្យបាត់បង់បូរណភាពទឹកដីកម្ពុជា ជីវិតយុទ្ធជន និងប្រជាពលរដ្ឋទាំងសងខាង។
ក្នុងន័យនេះ KMD សូមគាំទ្រការប្រកាសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅលើបណ្តាញ សង្គម កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ ដែលមានចេតនាចង់ឱ្យកម្ពុជា និងថៃ យកបញ្ហាព្រំដែននៅតំបន់មុំបី អមជាមួយសាក្សី និង ភស្តុតាងផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ ដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ លើសពី នេះ KMD សូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវលើកយកករណីវិវាទបូរណភាពទឹកដី នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី កោះគុត និងដែនសមុទ្រត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ។ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាការស្វែងរកយន្តការច្បាប់អន្តរជាតិដ៏ល្អបំផុត ស្របតាមឆន្ទៈរបស់ពលរដ្ឋខែ្មរទាំងក្នុង និងក្រៅប្រទេស ហើយក៏ជាអ្វីដែល KMD តែងចាត់ទុកការចូលរួមរឿងបូរណភាពទឹកដីនេះ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់រូប មិនមែនជាកាតព្វកិច្ចរបស់ក្រុម ឬបុគ្គលណាមួយឡើយ។
ការដោះស្រាយវិវាទបូរណភាពទឹកដីនៅតុលាការយុត្តិធម៌អន្តរជាតិគឺជាការផ្ដល់កិត្តិយសដល់វីរយុទ្ធជនខ្មែរដែលបានតតាំងប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ក៏ដូចជាយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងជាយន្តការមួយនាំមកនូវសន្តិភាពអចិន្រ្តៃយ៍សម្រាប់ជាតិ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងធ្វើឲ្យព្រំដែនកម្ពុជា-ថៃក្លាយទៅ ជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ៕
Related Posts
Statement of the Khmer Movement for Democracy (KMD) Regarding the Resolution of the Cambodia-Thailand Border Disputes
- admin
- June 2, 2025
June 01, 2025 The Khmer Movement for Democracy (KMD) once again unequivocally condemns the rece ..
KMD condemns Thailand’s disproportionate use of F-16 bombers on Cambodia
- admin
- December 17, 2025
December 16, 2025 The Khmer Movement for Democracy condemns the use by Thailand of US-made F-16 ..

